រឿង ក្រមុំចាស់ប៉ះក្មេងស្ទាវ ផ្ទុះសំណើច ពេញរោងភាពយន្ត

: inewskh   : March 2, 2018 10:07 am


រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» គឺជារឿងបែបកំប្លែង កាច់កុង ឌឺដង និងមនោសញ្ចេតនា ដោយមានឈុតឆាក តួឯកប្រុសស្រីប៉ះគ្នា កាច់កុងគ្នាឌឺដងគ្នា បង្កើតជាកំប្លែងផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់ ហើយនិងចាក់ដោត អារម្មណ៍ ទស្សនិកជនមិនខាន ជាពិសេសស្រទាប់យុវវ័យ។ រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» នឹងចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីថ្ងៃទីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ តទៅនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ផលិតកម្មមហាហង្សបានសម្រេចបើកសម្ភោធដាក់បញ្ចាំងភាពយន្តខ្នាតធំរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ដែលជាស្នាដៃថ្មីជាផ្លូវការហើយ កាលពីថ្ងៃទី២៧ កុម្ភៈ កន្លងមកនេះនៅរោងកុនក្នុងផ្សារទំនើបសុវណ្ណា ក្រោយសម្រិតសម្រាំងការផលិតរយៈពេលជាច្រើនខែ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមផលិតករ តារាសម្ដែង ដៃគូសហការ ភ្ញៀវកិត្តយស និងក្រុមអ្នកសារព័ត៌មានក្នុងស្រុក។

លោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានប្រាប់ឲ្យដឹងថា រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ដែលតួឯកស្រីសម្ដែងដោយអ្នកនាងសុខ សោម៉ាវត្តី ប៉ះជាមួយតួឯកប្រុសលោកខេ គឺជារឿងបែបកំប្លែង កាច់កុង ឌឺដង និងមនោសញ្ចេតនាចាក់ដោតអារម្មណ៍ទស្សនិកជន ជាពិសេសស្រទាប់យុវវ័យ ហើយរឿងនេះផលិតកម្មមហាហង្ស បានសម្រិតសម្រាំងការផលិតយ៉ាងយកចិត្តទុកដាក់បំផុត ដោយផ្ដោតលើគុណភាពជាចំបង។ ក្នុងរឿងនេះផងដែរលោកអ៊ិន សុភិន បានបង្ហាញពីជំនឿចិត្តថា នឹងទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជនព្រោះជាភាពយន្តដែលមានឈុតឆាកប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនាតាំងពីដើមរហូតដល់ចប់។ ជាពិសេសឈុតឆាកតួឯកប្រុសស្រីប៉ះគ្នា កាច់កុងគ្នាឌឺដងគ្នា បង្កើតជាកំប្លែងផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់តែម្តង។
លោកបន្តថា រឿងនេះបានសម្រិតសម្រាំងការផលិតយ៉ាងយកចិត្តទុកដាក់បំផុត ដោយផ្ដោតលើគុណភាពជាចំបងដែលបានចំណាយអស់ជាង៤ម៉ឺនដុល្លារ។

លោកអ៊ិន សុភិន អះអាងថា ដើម្បីតម្រូវទីផ្សារមហាហង្សបានពង្រឹងការផលិតជាខ្លាំងដោយផ្ដោតលើគុណភាពខណៈដែល មហាហង្សមិនផ្ដោតលើការចំនេញជាធំនោះទេគឺមានឆន្ទះក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរ។

បន្ទាប់ពីរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ផលិតកម្មមហាហង្សបានត្រៀម៦រឿងសម្រាប់ដាក់បញ្ចាំងនៅឆ្នាំ២០១៨ នេះមានដូចជារឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»«ផ្លូវមរណៈ»«កញ្ចក់»«ផ្ទះចុងភូមិ»«ព្រលឹង»និងរឿងណូលីណូឡា»ជាដើមគឺបានផលិតរួចរាល់ហើយដោយត្រៀមតែថ្ងៃដាក់បញ្ចាំងតែប៉ុណ្ណោះ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ