ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិធីបុណ្យឯករាជ្យជាតិអាមេរិក នៅខេត្តសៀមរាប

: inewskh   : June 15, 2017 9:08 am


ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិធីបុណ្យឯករាជ្យជាតិអាមេរិក America Day ឆ្នាំ២០១៧ កាលពីរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក William A.Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងលោក គឹម ឆៃហៀង អភិបាលរង ខេត្តសៀមរាប។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា «ខ្ញុំសូមអបអរសាទរស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានរៀបចំពិធីបុណ្យឯករាជ្យជាតិអាមេរិក ឆ្នាំ២០១៧ ដ៏មហោឡោរឹក នៅលើទឹកដីវប្បធម៌ប្រវិត្តសាស្រ្ដ ខេត្តសៀមរាបនាពេលនេះ ដែលនេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ ពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិ
និងភាពជាដៃគូលើការអភិវឌ្ឍទេសចរណ៍ រវាងកម្ពុជា និងសហរដ្ឋអាមេរិក»។

លោក ថោង ខុន បានបន្តថា «ខ្ញុំមានជំនឿជាក់យ៉ាងមុតថា តាមរយៈកិច្ចសហប្រតិបត្តិការ ​និងភាពជាដៃគូរវាងប្រទេសទាំងពីរ កម្ពុជានឹងទទួល ស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគអាមេរិកបានកាន់តែច្រើនថែមទៀត»។

លោកបានបន្ថែមថា សូមបន្តការគាំទ្រនិងជួយដល់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅកម្ពុជា ពិសេសជួយដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ និងទន់ទ្រទ្រង់ ដល់ការអភិវឌ្ឍទេសចរណ៍កម្ពុជានិយាយជារួម និងការអភិវឌ្ឍទេសចរណ៍ តំបន់សៀមរាបអង្គរនិយាយដោយឡែក ឲ្យកាន់តែមានភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។

លោកបានបន្ថែមទៀតថា «ខ្ញុំសូមសម្ដែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហរដ្ឋអាមេរិក ពិសេសស្ថានទូត អាមេរិកប្រចាំកម្ពុជា ដែលជានិច្ចកាល តែងគាំទ្រដល់ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសអរគុណចំពោះការចូលរួមដល់ការ ជួសជុលប្រាសាទភ្នំបាខែង និងការជម្រុញការផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក»។

លោក​ William A.Heidt បានអោយដឹងថា កម្មវិធី​នេះ បង្ហាញ​ពី​ទំនាក់ទំនង រវាង​ខេត្តសៀមរាប និង​សហរដ្ឋ អាមេរិក ហើយ ខេត្តសៀមរាប ក៏​ជា​ខេត្ត​មួយ ដែលមាន​ភ្ញៀវ​ទេសចរណ៍ ជា​ជនជាតិ​អាមេរិក ប្រមាណ​ជា ២​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៦ ដែល​ចំនួន​នេះ​ច្រើនជាង ប្រទេស​អឺរ៉ុប ផ្សេងទៀត​​ដោយ​ពួកគេ​ចំណាយ ពេល ៣-៤ ថ្ងៃ ដើម្បី​ទស្សនា ប្រាសាទ​អង្គ​វត្ត​។ ប៉ុន្តែ​អ្នកខ្លះ​ទៀត ស្រលាញ់​ប្រជាជន​ខ្មែរ ស្រលាញ់​វប្ប​ធ​ម៍​ខ្មែរ ហើយ​ពួកគេ​បាន​ត្រឡប់ មកវិញ ដើម្បី​ជួយ​ដល់​ពួកគេ មានដូចជា មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​បង្កើត​សាលារៀន ដ៏​ល្អ​មួយ​នៅ​ជិត​ទីក្រុង​សៀមរាប រួមជាមួយ​ការ ជួយ​ជាច្រើន​ទៀត​។​

​លោក ឯកអគ្គរដ្ឋទូត បន្តថា មាន​អ្នកវិនិយោគ ជាច្រើន បាន​ចូល មក​ន​បោះទុន នៅ​ខេត្តសៀមរាប​នេះ ផងដែរ ដែល​បានអនុញ្ញាត អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ មានការ​ងារ​ធ្វើ និង​ជួយ​បង្កើន​សេដ្ឋកិច្ច​ក្នុងស្រុក ទៀតផង​។ ក្នុងនោះ​ស្ថានទូត ក៏មាន​កម្មវិធី អភិវឌ្ឍន៍​ខេត្តសៀមរាប ដែរ ដោយ​តាំងពី​ឆ្នាំ​២០០៣ ស្ថានទូត​បាន​ចំណាយ​ថវិកា ប្រមាណ ៣ លាន​ដុល្លារ ដើម្បី​ស្តារ​ប្រាសាទភ្នំបាខែង ដែលមាន​ឈ្មោះថា មូលនិធិ​ឯកអគ្គរដ្ឋទូត ដើម្បី​អភិរក្ស​វប្ប​ធ​ម៍​។ យើង​ក៏មាន​មូលនិធិ លើ​វិស័យ​ផ្សេងទៀត​ដូចជា វិស័យ​ការពារ លើ ជំងឺ HIV សុខភាព​ទារក និង​មាតា អភិវឌ្ឍ កសិកម្ម ហើយ​និង​ការសម្អាត​មីន មនុស្សធម៌​៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ