តុលាការសាកសួរ រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃរដ្ឋាភិបាលនិរទេស ពាក់ព័ន្ធ ការបង្កើតចលនា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

: inewskh   : May 18, 2017 11:10 am


នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ ខែឧសភា នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការស៊ើបសួរទៅលើជនសង្ស័យឈ្មោះ ហ៊ុយ វី រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់រដ្ឋាភិបាលនិរទេស នៃរណសិរ្សរំដោះជាតិខ្មែរ ពាក់ព័ន្ធការបង្កើតចលនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ ចំណែកជនសង្ស័យ០២នាក់ទៀត គឺលោក ឃុន សារ៉ាក់ខែត្រ ប្រធានអង្គការឧត្តមស្នងការអន្តរសាស្ត្រ និងលោក ឌីន លឹមសុភាវត្តី ត្រូវបានសមត្ថកិច្ចអប់រំណែនាំ ហើយដោះលែងវិញ។

ប៉ូលិសបានចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃរដ្ឋាភិបាលនិទេស ឬហៅថា រដ្ឋាភិបាលស្រមោល និងមនុស្សពីរនាក់ផ្សេងទៀត កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ការអង្គការឧត្តមស្នងការអន្តរសាស្ត្រ។ ការចាប់ខ្លួននេះ គឺបន្ទាប់ពីពួកគេបានធ្វើសន្និសីទកាសែតទាមទារឲ្យមានការដោះលែងសមាជិករណសិរ្សរំដោះជាតិ ចំនួន១០នាក់ និងមន្ត្រីសង្គមស៊ីវិល រួមទាំងសកម្មជនដីធ្លី។
សមាជិករណសិរ្សរំដោះជាតិ ដែលចាប់ខ្លួនមានដូចជា ១.លោក ធុយ វី អាយុ២៩ឆ្នាំ មានតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម នៃរដ្ឋាភិបាលនិទេស និងជាជំនួយការផ្ទាល់លោកសម សេរី មេចលនរណសិរ្សរំដោះជាតិខ្មែរ ប្រចាំការនៅបាងកក។ ២.លោកឃុន សាវៈខែត អាយុ៦៩ឆ្នាំ ប្រធានអង្គការឧត្តមស្នងការអន្តរសាស្ត្រ។ ៣.លោកឌីន លីមសុភាវត្តី អាយុ៤២ឆ្នាំ ជំនួយការលោកឃុន សាវៈខែត។ ព្រមទាំងដកហូតសេចក្តីថ្លែងការណ៍ចំនួន៥២ច្បាប់។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានឲ្យដឹងថា “ពួកនេះ គឺជាសមាជិករណសិរ្សរំដោះជាតិតិខ្មែរ ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដោយមានការចាត់តាំងត្រឹមត្រូវ។ ដោយមានមេក្លោងឈ្មោះ ធុយ វី ជារដ្ឋមន្ត្រីក្រសួងកសិកម្មរបស់រដ្ឋាភិបាលនិរទេស ក្រោមការដឹកនាំរបស់ឈ្មោះ សម សេរី។ ហើយការចាប់នេះ គឺពាក់ព័ន្ធការធ្វើសកម្មភាពរណសិរ្សនៅកម្ពុជា”។ ហើយបន្ទាប់ពីសាកសួររួច នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។
មេចលនារណសិរ្សរំដោះជាតិខ្មែរ គឺមានឈ្មោះ សម សេរី កំពុងគេចខ្លួនស្ថិតនៅក្រៅប្រទេស។ រណសិរ្សរំដោះជាតិខ្មែរ មានមូលដ្ឋាននៅក្រៅប្រទេស តែងតែធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត និងតែងតែបានញុះញង់ឲ្យសមាជិករបស់ខ្លួនធ្វើសកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាល។

នៅក្នុងអំឡុងឆ្នាំ២០១៦ កន្លងមកនេះ សមាជិករណសិរ្សរំដោះជាតិខ្មែរ ចំនួន១០នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធអំពើភេរវកម្ម នឹងករណីរួមគំនិតក្បត់ជាតិ។ ហើយត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ៩ឆ្នាំ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាតិ។ ជនជាប់ចោទទាំង១០នាក់ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំងនោះរួមមាន ១.ឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន, ២.ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ, ៣.ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ, ៤.ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល, ៥.ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ, ៦.ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន, ៧.ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ , ៨.ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ មុខរបរកសិករ, ៩.ឈ្មោះ អាន ចាន់ អាយុ៣៥ឆ្នាំ មុខរបរកសិករ និង១០.ឈ្មោះ ចាន់ ស្នា អាយុ២៧ឆ្នាំ មុខរបរកសិករ៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ