អ្នកនាំពាក្យបក្សកាន់អំណាច៖ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ដ៏មានឋាមពលនៅកម្ពុជា នឹងនៅតែបន្តបុព្វហេតុ របស់ខ្លួនតទៅទៀត

: inewskh   : May 16, 2017 9:48 am


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព ស្ថេរភាពនយោបាយ ហើយក៏ជាអ្នកកសាងអភិវឌ្ឈន៏ប្រទេសឲ្យមានការរីកចំរើន ហើយវិស័យទាំងឡាយ ដែលត្រូវបន្តទៀត គឺយុវជនគណបក្សប្រជាជនកម្ពុជា ជាអ្នកបន្ត ចំណែកគណបក្សសាង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏មានសក្តានុពល នឹងនៅតែបន្តបុព្វហេតុប្រឆាំងរបស់ខ្លួនតទៅមុខយូរអង្វែងទៀត ហើយនឹងត្រូវបន្តវេនដោយយុវជនតរៀងទៅ។
តាមលោក សុខ ឥសាន គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលផុសចេញពីចលនាស្នេហាជាតិ និងរីកចំរើនពីចលនាមហាជន ធ្វើការដើម្បីបំរើផលប្រយោជន៏មហាជន និងប្រជាជន ដូច្នេះគណបក្សប្រជាជន និងមហាជន ព្រមទាំងប្រជាជន គឺតែមួយ។ លោកបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព ស្ថេរភាពនយោបាយ ជាអ្នកកសាងអភិវឌ្ឈន៏ប្រទេសឲ្យមានការរីកចំរើន ជាបន្តបន្ទាប់ជាប់ជានិច្ចក្នុងបុព្វហេតុផលប្រយោជន៏ប្រជាជន លើកកំពស់ជីវភាពរស់នៅសំបូរសប្បាយរបស់ប្រជាជន។ ឆ្លងតាមរយៈការខិតខំនេះ ប្រជាជនតែងតែផ្តល់តុរង្វាន់ជាប់ជានិច្ច តាមរយៈការបោះឆ្នោតគាំទ្រឲ្យកាន់ចង្កូតដឹកនាំប្រទេសជារៀងរហូត បើគិតពី១៩៧៩មក មានរយៈពេលជិត៤០ឆ្នាំ បើគិតពី១៩៩៣មក មានរយៈពេលជាង២០ឆ្នាំហើយ។ លោកបន្តថា កម្មវិធីនយោបាយរបស់គណបក្សតាមរយៈយុទ្ធសាស្ត្រត្រីកោណ និងចតុកោណ បាននាំមកនូវសមិទ្ធផលជាច្រើនឥតគណនា រាប់មិនអស់ លើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៏ជាក់ស្តែងជូនជាតិមាតុភូមិ និងប្រជាជន”។
លោក សុខ ឥសាន លើកឡើងដែរថា វិស័យទាំងឡាយដែលបានកសាង នៅត្រូវការធ្វើបន្តទៀតសំរាប់បំរើសំណូមពរត្រូវការឥតឈប់ឈររបស់សង្គមនិងប្រជាជន ដែលទាមទារការដឹកនាំរបស់គណបក្សប្រជាជន ដែលបន្តវេនដោយយុវជនគណបក្សប្រជាជនកម្ពុជា សសរទ្រូងដ៏មានឋាមពលនិងសក្តានុពលរបស់ប្រជាជន ច្រើនជំនាន់ទៅមុខទៀត ។
លោក សុខ ឥសាន បញ្ជាក់ដែរថា សំរាប់គណបក្សសាង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏មានឋាមពល និងសក្តានុពល នឹងនៅតែបន្តបុព្វហេតុប្រឆាំងរបស់ខ្លួនតទៅមុខយូរអង្វែងទៀត ដើម្បីបន្តតួនាទីប្រឆាំងមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា ដែលបន្តវេនដោយយុវជនសាង្គ្រោះជាតិ ដែលដើរតួប្រឆាំងយូរអង្វែងតរៀងទៅ។ ដូច្នេះសរុបមកគណបក្សប្រជាជនកម្ពុជា និងគណបក្សសាង្គ្រោះជាតិ មានតួនាទីជាដៃគូយុទ្ធសាស្ត្រយូរអង្វែងនៅលើទីលានប្រជាធិបតេយ្យកម្ពជា មួយជាបក្សកាន់អំណាច និងមួយទៀតជាបក្សប្រឆាំងដ៏មានសក្តានុពល និងមិនអាចខ្វះបាន សមស្របតាមសំណូមពរ និងបំណងប្រាថ្នា យ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ