ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម គឺដើម្បីបង្ការការបំភ្លៃ គោលការណ៍ លទ្ធិប្រជាធិបតេយ្យ

: inewskh   : April 12, 2017 9:29 am


យោងតាមឯកសារមួយក្រោមចំណងជើងថា «ប្រាប់ពីការពិត» ចុះផ្សាយនៅថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៧របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា​ច្បាប់ស្តីពី​គណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្ម​គឺ​ដើម្បីបង្ការការបំភ្លៃគោលការណ៍ លទ្ធិ​ប្រជាធិបតេយ្យ។


ក្រសួងការបរទេស បានបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានអនុម័តឆ្នាំ ១៩៩៧ មិនធ្លាប់ត្រូវបានធ្វើវិសោធនកម្ម២០ឆ្នាំមកហើយ ដែលក្នុងអំឡុងពេលនេះ រដ្ឋធម្ម​នុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ ទន្ទឹមនឹង នេះ ក៏មានច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួនត្រូវបានអនុម័ត ដូចជាច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តី ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត។​ល។

ក្រសួងការបរទេស ក៏បានបញ្ជាក់នៅក្នុងឯកសារ «ប្រាប់ពីការពិត» ថា ច្បាប់ដែលត្រូវបានធ្វើ វិសោធនកម្មនេះត្រូវអនុវត្តដោយមិនរើសអើងចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ហើយមានលក្ខខណ្ឌមូលដ្ឋានគ្រប់យ៉ាងដែលសង្គមប្រជាធិបតេយ្យនានាត្រូវតែប្រកាន់ខ្ជាប់។ ច្បាប់នេះសំដៅការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយមអាស្រ័យរដ្ឋធម្ម​នុញ្ញ និងអធិបតេយ្យភាពរបស់កម្ពុជាពីការលូកលាន់ដោយបរទេសនៅក្នុងការបោះឆ្នោត​របស់ខ្លួន។

ក្រសួងការបរទេស ក៏បានសង្កត់ធ្ងន់ថា​ ដោយរៀនសូត្រពីមេរៀនកន្លងមកពីរទសវត្សរ៍ ច្បាប់​នេះក៏សំដៅបង្ការការបំភ្លៃគោលការណ៍លទ្ធិប្រជាធិបតេយ្យក្រោមលេសលទ្ធិប្រជាធិបតេយ្យផងដែរ ដែលនេះ គឺជាកាតព្វកិច្ចដែលមិនអាចបំពានបានរបស់រាជរដ្ឋាភិបាលក្នុង​ការការពារ​ភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងមានអត្ថិភាព៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ