ប្រធានព្រឹទ្ធសភាកម្ពុជាស្នើសមាជិកព្រឹទ្ធសភាជប៉ុន ជំរុញអ្នកវិនិយោគិន និងទេសចរណ៍ជប៉ុន មកកម្ពុជា កាន់តែច្រើន

: inewskh   : February 18, 2017 8:39 am


ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម IWAI Shigeki សមាជិកព្រឹទ្ធសភានៃប្រទេសប៉ុន ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។


នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក IWAI Shigeki សមាជិកព្រឹទ្ធសភាជប៉ុនបាន សម្តែងនូវសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ និងបានបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីជំនួយផ្លូវការរបស់រាជរដ្ឋាភិបាលជប៉ុន។
តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ លោកសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋាភិបាលជប៉ុន និងព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត។
លោកបានរំលឹកអំពី ទំនាក់ទំនងដ៏ល្អរវាងព្រឹទ្ធសភាជប៉ុន និងព្រឹទ្ធសភាកម្ពុជា តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកគ្រប់កម្រិត។ ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១៤ ឯកឧត្តមអនុប្រធានព្រឹទ្ធសភាជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ។
ជាមួយគ្នានេះ លោក IWAI Shigeki សមាជិកព្រឹទ្ធសភាជប៉ុនបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ បន្ទាប់ពីប្រទេសកម្ពុជាបានហែលឆ្លងនូវសោនាដកម្ម និងមហន្តរាយនៃសង្រ្កាមដូចប្រទេសជប៉ុនដែរ។
លោកបានបញ្ជាក់ថា ប្រទេសជប៉ុនកំពុងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យាទំនើប។ ប្រទេសជប៉ុនមានសេចក្តីសប្បាយរីករាយណាស់ បើសិនជាមានឱកាសយកបច្ចេកវិទ្យារបស់ប្រទេសជប៉ុន មកចែករំលែកប្រើប្រាស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ពីព្រោះប្រទេសជប៉ុនមានបទពិសោធន៍ច្រើនទាក់ទងនឹងវិស័យអភិវឌ្ឍន៍។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ និងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកដល់ការលើកកម្ពស់ និងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្តេចបានសម្តែងនូវការពេញចិត្ត ដោយបានឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ។ ប្រទេសកម្ពុជា សូមថ្លែងនូវអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ការវិនិយោគទុន ព្រមទាំងចំនួនអ្នកទេសចរជប៉ុននៅកម្ពុជាកើនឡើង បានរួមវិភាគទានយ៉ាងធំធេងដល់ការអភិវឌ្ឍកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ការដោះមីន ការពន្លឿននូវការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។ នៅក្នុងគម្រោងនោះ មានគម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥ ដែលជាផ្លូវជាតិដ៏សំខាន់ តភ្ជាប់គ្នាខាងលិច និងខាងកើត ក្នុងក្របខណ្ឌអាស៊ាន។ ចំណែកឯការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូ មករាជធានីភ្នំពេញ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការផ្លាស់ប្តូរមនុស្ស វប្បធម៌ ប្រពៃណី ទេសចរណ៍ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន ។ ទន្ទឹមគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស និងអ្នកជំនាញការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចុះបញ្ជីអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដែលធានានូវការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សម្តេចបានឯកភាពចំពោះឯកឧត្តមប្រធានគណៈប្រតិភូជប៉ុន ដែលបានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ព្រឹទ្ធសភាប្រទេសទាំងពីរ តែងតែបានជួយគាំទ្រគ្នាទៅវិញទៅមកក្នុងសហភាពអន្តរសភា។ ព្រឹទ្ធសភាកម្ពុជា ក៏បានចាត់តាំងក្រុមមិត្តភាពកម្ពុជា-ជប៉ុនហើយផងដែរ។
សម្តេច បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូដែលបានចាប់អារម្មណ៍អំពីការរីកចម្រីនរបស់កម្ពុជា។ ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងធ្វើដំណើរលើផ្លូវ សន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ ទទួលបានកំណើនជាមធ្យម៧% និងមានស្ថិរភាព អាស្រ័យដោយកម្ពុជាមានវឌ្ឍនភាពរឹងមាំលើវិស័យកសិកម្ម វិ- ស័យសំណង់ វិស័យទេសចរណ៍ និងការនាំចេញផលិតផលវាយនភ័ណ្ឌ។ ប្រទេសកម្ពុជា នឹងបន្តខិតខំអភិវឌ្ឍកម្ពុជា ឲ្យបានប្រកបដោយចីរភាព។

សម្តេចបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងត្រូវការការជួយឧបត្ថម្ភ គាំទ្រយ៉ាងច្រើនពីប្រទេសជប៉ុន ជាជំនួយឥតសំណង កម្ចីសម្បទាន ការវិនិយោគទុន ការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ សម្តេចបានស្នើឯកឧត្តមប្រធានគណៈប្រតិភូជប៉ុន ជួយជំរុញអ្នកវិនិយោគិន ជប៉ុនឲ្យមកវិនិយោគទុននៅកម្ពុជា និងទេសចរណ៍ជប៉ុនមកទស្សនានៅកម្ពុជា កាន់តែច្រើនទៀតនាពេលអនាគត៕


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ