សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បញ្ជាក់ថាជនត្រូវចោទ យិន ឃុនម៉ី ហៅ ម៉ាណា កំពុងជាប់ឃុំក្នុងពន្ធនាគារ PJ ដដែល 

(ភ្នំពេញ)  ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថ្លែងថា ពេលនេះគឺជនត្រូវចោទ យិន ម៉ាណា កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ PJ តាមអំណាចដីកាចៅក្រមស៊ើបសួរ ប៊ុន ធី ពិតមែន ដោយមិនមានការដោះដូរជនត្រូវចោទទេ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ លោក ពេជ្រ ស្រស់ បានទៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់ថា PJ ដេីម្បីពិនិត្យជាក់ស្ដែងករណីដោះដូរជនត្រូវចោទ យិន ឃុនម៉ី ហៅ ម៉ាណា ដោយមិនអនុវត្តតាមដីកាឃុំខ្លួនរបស់ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ជនត្រូវចោទ យិន ឃុនម៉ី ហៅ ម៉ាណា អាយុ១៦ឆ្នាំ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ PJ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទ “បេីកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃ” ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមមាត្រា៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍លេីនិស្សិតស្រី ឌុំ រីដា ។

លោក ពេជ្រ ស្រស់ ផ្ញើលិខិតមួយគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្រោយតុលាការឃុំខ្លួន យិន ឃុនម៉ី ហៅ ម៉ាណា នៅពន្ធនាគារ PJ គឺលោកបានទទួលតម្រុយថា មានការដោះដូរជនត្រូវចោទដោយមិនអនុវត្តតាមដីកាតុលាការឡើយ ។ហេតុដូច្នេះ លោកនឹងចុះទៅពិនិត្យជាក់ស្ដែង ក្នុងពន្ធនាគារ PJ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី