មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបរដ្ឋមន្រ្តីការពារជាតិថៃដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ) ៖  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបសំដែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវ៉ាន់( Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃឡង់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅក្រសួងការពារជាតិព្រះរាជាណាចក្រថៃឡង់ ។

រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃឡង់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការអបអរសាទរចំពោះលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានទទួលតំណែងជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវ៉ាន់ បានលើកឡើងថា ប្រទេសយើងទាំងពីរកម្ពុជា-ថៃគឺជាប្រទេសជិតខាង ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ហើយលោកបានចាត់ទុកជំនួប និងដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។

ចំណែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវ៉ាន់ ( Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃឡង់ ដែលបានអនុញ្ញាតគណៈប្រតិភូកម្ពុជា ជួបសំដែងការគួរសម និងពិភាក្សាការងារ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានបញ្ជាក់ថា ការជួបសំដែងការគួរសម និងពិភាក្សាការងារនៅពេលនេះគឺបានបង្ហាញពីការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាពជាប្រពៃណី រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-ថៃ និងដើម្បីរួមគ្នាក្នុងថែរក្សាបានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា ជំនួបផ្លូវការនៃភាគីទាំងពីរបានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល លទ្ធផលជោគជ័យ និងភាពយោគយល់គ្នា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសជិតខាងគ្នា៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី