សហរដ្ឋអាមេរិក និងចិន ចាប់ផ្តើមកិច្ចពិភាក្សាសអំពីពាណិជ្ជកម្មនៅទីក្រុងប៉េកាំង

(បរទេស) ៖ សហរដ្ឋអាមេរិកនិងចិនបានបើកកិច្ចចរចាពាណិជ្ជកម្មចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយជម្លោះអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយនោះ ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានអតុល្យភាព។ នេះបើយោងតាមទូរទស្សន៍របស់សាំងហ្គាពួរ channel News Asia នៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០១៩នេះ។

នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃរវាងលោក រ៉ូបឺត ឡៃថាយហ្សឺ (Robert Lighthizer) តំណាងពាណិជ្ជកម្មអាមេរិក និងលោក ស្ទីវិន នុឈីន (Steven Mnuchin) រដ្ឋមន្រ្តីរតនាគារ ជាមួយលោក លីវ ហេ (Liu He) ជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បានធ្វើឡើងជាលើកដំបូងចាប់តាំងពីប្រទេសចិនបានដាក់ចេញវិធានការថ្មី ដែលត្រូវបានគេមើលឃើញថាជាសញ្ញាសម្បទានចំពោះភាពទ័លច្រកកន្លងមក។
ទោះបីជាយ៉ាងណាក្តី លោកប្រធាននាធីបតីសហរដ្ឋអាមេរិក លោក ដូណាលត្រាំ (Donald Trump) បានសម្តែងក្តីសង្ឃឹមថាលោកនឹងអាចរៀបចំពិធីចុះហត្ថលេខាក្នុងពេលឆាប់ៗជាមួយលោកស៊ីជីនពីង (Xi Jinping) ដែលជាសមភាគីចិនរបស់លោក ខណះការចរចារបានអូសបន្លាយ ដោយបង្ហាញថាកាខ្វែងគំនិតគ្នានៅតែមាន។

ប៉ុន្តែ លោក ឡៃថាយហ្សឺ ក៏បានបង្ហាញពីការរំពឹងទុកមុនកិច្ចប្រជុំនៅទីក្រុងប៉េកាំង ដែលថា នឹងត្រូវបន្តដោយកិច្ចចរចាបន្ថែមទៀតនៅទីក្រុងវ៉ាស៊ីនតោននៅដើមខែមេសា។
ភាគីទាំងពីរបានដំឡើងពន្ធលើទំនិញរាប់រយពាន់លានដុល្លារចាប់តាំងពីឆ្នាំមុន ដោយបានធ្វើឱ្យមានបញ្ហាដល់ការងារពាណិជ្ជកម្ម ចាប់ពីវិស័យឧស្សាហកម្ម រហូតដល់កសិកម្ម នៅក្នុងប្រទេសទាំងពីរ ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសដទៃទៀតផងដែរ។

លោក ត្រាំ បានលើកឡើងកាលពីសប្តាហ៍មុនថាពន្ធមួយចំនួនក្នុងចំណោមពន្ធទាំងនេះគួររក្សានៅដដែល បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ ដើម្បីធានាថាប្រទេសចិននឹងធ្វើតាម។
ជាមួយគ្នានេះផងដែរ ក្រុងប៉េកាំងក៏បានចាត់វិធានការដើម្បីដោះស្រាយបញ្ហាមួយចំនួនរបស់សហរដ្ឋអាមេរិកដែរ។

កាលពីដើមខែនេះ សភាចិនបានប្រញាប់ប្រញាល់ចេញច្បាប់មួយដែលព្យាយាមការពារក្រុមហ៊ុនបរទេស កុំឱ្យមានការផ្លាសប្តូរបច្ចេកវិទ្យាដោយបង្ខំ។ លោក លី កឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន បានសន្យាបង្កើនការដាក់ទណ្ឌកម្មចំពោះអ្នករំលោភកម្មសិទ្ធិបញ្ញា ដើម្បី«ធានាថាអ្នករំលោភបំពានគ្មានកន្លែងលាក់ខ្លួន»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី