អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការពារជាតិរុស្ស៉ី និងជានាយអគ្គសេនាធិការកងទ័ពសហព័ន្ធរុស្ស៉ី បានបញ្ជាក់ជំហរគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា

(ភ្នំពេញ) ៖  នៅក្រសួងការពារជាតិរុស្ស៊ី ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ គណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ វ៉ាលេរី ហ្សេរ៉ាស៉ីមូ (Valery GERASIMOV) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការពារជាតិ រុស្ស៉ី និងជានាយអគ្គសេនាធិការកងទ័ពសហព័ន្ធរុស្ស៉ី។

នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ នាយឧត្តមសេនីយ៍ វ៉ាលេរី ហ្សេរ៉ាស៉ីមូ (Valery GERASIMOV) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការពារជាតិ រុស្ស៉ី និងជានាយអគ្គសេនាធិការ កងទ័ពសហព័ន្ធរុស្ស៉ីបានលើកឡើងថា លើកឡើងថាទំនាក់ទំនងរុស្ស៊ី-កម្ពុជា ជាទំនាក់ទំនងប្រវត្តិសាស្រ្ត និងមានលក្ខណៈស៉ីជំរៅ ជាពិសេសទំនាក់ទំនងយោធានៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ បានបន្តថាបច្ចុប្បន្នទំនាក់ទំនង និងកិច្ចសហប្រតិការនៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី បានដើរដល់ទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ហើយកងទ័ពសហព័ន្ធរុស្ស៉ីមានជំនឿថានឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តម អនុរដ្ឋមន្រ្តីទី១ និងនាយអគ្គសេនាធិការបានបន្ថែមថាប្រទេសរុស្ស៉ី និងកងទ័ពរុស្សី បានជួយ និងបន្តជួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍកងទ័ព បណ្តះបណ្តុះលយោធិនកម្ពុជា ក៏ដូចជាការទំនាក់ទំនងលើគ្រប់វិស័យ។ នាយឧត្តមសេនីយ៍បានលើកឡើងទៀតថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ វ៉ាលេរី ហ្សេរ៉ាស៉ីមូ (Valery GERASIMOV) ដែលបានអនុញ្ញាតគណៈប្រតិភូកម្ពុជា ចូលសំដែងការគួរសម និងពិភាក្សាការងារ។

ឧត្តមសេនីយ៍ឯក បានបន្តថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អ និងរឹងមាំ នៃកងទ័ពនៃប្រទេសទាំងពីរ។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លៃអំណរគុណ រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី កងទ័ពរុស្ស៉ី និងប្រជាជនរុស្ស៉ី ដែលតែងតែជួយដល់កម្ពុជា តាំងពីអតីកាល បច្ចុប្បន្ន និងទៅអនាគត ហើយ ឧត្តមសេនីយ៍ឯក មានជំនឿយ៉ាងមុតមាំថា ការបង្កើនកិច្ចសហប្រតិបត្តិការ នឹងនាំឱ្យមិត្តភាពនៃប្រទេសទាំងពីរកាន់រឹងមាំបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី