ខ្លឹមសារទាំងស្រុង ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិតជិត ២ពាន់នាក់

(ភ្នំពេញ) ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ ក្នុងនោះមាននារី ៧១៣ នាក់ផងដែរ។ គរុសិស្ស និស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៤០នាក់ នារី ៤នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២៣នាក់ នារី ៣នាក់, និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ នារី ១នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥ នាក់ នារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ នារី ៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន ៤៤នាក់ នារី ៣១នាក់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីមកប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានអប់រំ នាពេលនេះ ។សម្ដេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះវិស័យអប់រំ ដែលពេលនេះ យើងទទួលបាននូវធនធានគ្រូបង្រៀនជាបន្តទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាអទិភាពចំបងរបស់កម្ពុជា ។ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជ័យលាភីរបស់គរុសិស្ស គរុនិស្សិតទាំងអស់ដែលបានទទួលសញ្ញាបត្រនាពេលថ្ងៃនេះ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមកក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជាយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា វិទ្យាស្ថានជាតិអប់រំនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៧៩ ដែលពេលនោះយើងមានតែវគ្គខ្លីៗតែប៉ុណ្ណោះសំរាប់បណ្តុះបណ្តាលគ្រូបង្រៀន ព្រោះយើងមិនមានគ្រូបង្រៀនច្រើននោះទេ។ បន្ទាប់មកក្រោយ ឆ្នាំ១៩៧៩ មានគ្រូបង្រៀនយើងមួយចំនួនក៏បានស្លាប់បាត់បងជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ចាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព យើងបានអភិវឌ្ឍវិស័យអប់រំអោយមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីកម្ពុជាបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នៅក្នុងឆ្នាំ ១៩៩៨ គឺយើងបានរៀបចំប្រព័ន្ធអប់រំនេះឡើងវិញ ដោយយើងចាប់ផ្តើមពង្រាយសាលារៀន និងគ្រូបង្រៀនរបស់យើងទៅតាមបណ្តាខេត្ត ឬតំបន់នានាដើម្បីបង្ហាត់បង្រៀន បណ្តុះបណ្តាលធនធានមនុស្សរបស់យើងដោយការអប់រំពេលនោះ គឺបានផ្តើមដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។ បច្ចុប្បន្ននេះ វិស័យអប់រំមានការរីកចម្រើន ដែលធ្វើឲ្យយុវជន យុវនារី មានឱកាសបានសិក្សារៀនសូត្រទាំងក្នុងសាលារដ្ឋ និងឯកជន។ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរការចំពោះគ្រូបង្រៀនគ្រប់រូបដែលបានលះបង់ដ៏ធំធេង ក្នុងការផ្តល់ចំណេះជំនាញ ទៅអ្នកជំនាន់ក្រោយ។ ដូច្នេះហើយទើបយើង មានទិវារំលឹកគុណគ្រូបង្រៀន ជារៀងរាល់ឆ្នាំ ដើម្បីសំដែងនូវការដឹងគុណចំពោះគ្រូបង្រៀនរបស់យើង។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនរំលឹកទៅដល់គរុនិស្សិតទាំងអស់ត្រូវរក្សាអោយបាន និងប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ក្នុងការរស់នៅ ជាពិសេសការអប់រំទៅដល់មនុស្សជំនាន់ក្រោយ ដូចជាការគោរពចាស់ទុំ និងគោរពច្បាប់សង្គមជាតិ អោយបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ចំពោះក្រមសីលធម៌ និងការគោរពច្បាប់សង្គម ដូចជាបញ្ហាបង្កភាពអសន្តិសុខក្នុងសង្គម បង្ករហឹង្សាបាញ់បោះអាងខ្សែបុណ្យសក្តិធំ បញ្ហាសីលធម៌ក្នុងការបើកបរ និងការបង្ករនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម ។ល។ ដែលទាំងអស់នេះកើតឡើងដោយសារការរស់នៅខ្វះសីលធម៌ និងគុណធម៌នេះឯង។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាយើងនឹងត្រូវមានការកាត់
បន្ថយថ្ងៃឈប់សម្រាកខ្លះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពីព្រោះកន្លងមកនេះកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជាងប្រទេសអ្នកមានទៅទៀត ដែលទាំងនេះធ្វើអោយយើងបាត់បង់ប្រយោជន៍ការងារ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកយកញ្ហានេះ ទៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនាសប្តាហ៍នេះ ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងអបអរសាទរ ចំពោះ គរុនិស្សិត គរុសិស្សទាំងអស់ដែលទទួលសញ្ញាបត្រ ដោយបានផ្តល់នូវថវិការមួយចំនួនសំរាប់ការជប់លៀងជូនគរុនិស្សិតទាំងអស់នៅថ្ងៃនេះ និងសំរាប់ដំណើរកម្សាន្តទៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជូនថវិកាលើកទឹកចិត្តដល់គរុសិស្ស គរុនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះក្នុងម្នាក់ៗទទួលបានចំនួន១០ម៉ឺនរៀល។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់គរុសិស្ស គរុនិស្សិតទាំងអស់ សូមអោយទទួលបាននូវភាពជោគជ័យក្នុងអាជីពរបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយជាទីបំផុត៕      

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី